Luke 11

ព្រះយេស៊ូបង្រៀនអំពីការអធិស្ឋាន

1ថ្ងៃមួយកាល​ព្រះយេស៊ូ​កំពុងអធិស្ឋាននៅកន្លែងមួយ​ហើយ​ពេល​អធិស្ឋាន​ចប់​សិស្ស​ម្នាក់ក្នុងចំណោមសិស្ស​របស់​ព្រះអង្គទូលព្រះអង្គថា៖ ​«ព្រះអម្ចាស់អើយ! ​សូម​បង្រៀនយើង​ឲ្យ​ចេះ​អធិស្ឋានដូចជា​លោក​យ៉ូហាន​បាន​បង្រៀន​ពួក​សិស្ស​របស់​គាត់ដែរ»។ 2ព្រះអង្គក៏មានបន្ទូល​ទៅ​ពួកគេថា៖ ​«នៅពេល​អ្នករាល់គ្នា​អធិស្ឋាន​ចូរ​និយាយថា​ឱ​ព្រះវរបិតាអើយ! ​សូមឲ្យ​ព្រះនាម​របស់​ព្រះអង្គ​បាន​បរិសុទ្ធ​សូមឲ្យ​រាជ្យ​របស់​ព្រះអង្គ​បាន​មកដល់ 3សូមប្រទានអាហារប្រចាំថ្ងៃ​ដល់​យើងខ្ញុំជារៀងរាល់ថ្ងៃ 4សូមលើកលែងទោសបាប​របស់​យើងខ្ញុំដ្បិតយើងខ្ញុំ​ក៏​បាន​លើកលែងទោស​ដល់​អស់អ្នក​ដែល​ធ្វើខុស​នឹង​យើងខ្ញុំដែរហើយកុំបណ្ដោយ​ឲ្យ​យើងខ្ញុំទៅក្នុងសេចក្ដីល្បួង​ឡើយ»។ 5ព្រះអង្គក៏​មានបន្ទូលទៅពួកគេទៀតថា៖ ​«សន្មតថា​ក្នុងចំណោមអ្នករាល់គ្នាបើអ្នកណាម្នាក់មានសម្លាញ់ហើយ​អ្នកនោះ​បាន​មករកសម្លាញ់របស់ខ្លួន​ទាំង​កណ្ដាលអធ្រាត្រនិង​បាន​និយាយថាសម្លាញ់អើយ! ​ឲ្យខ្ញុំខ្ចីនំប៉័ងបីដុំ​មក 6ដ្បិតសម្លាញ់ខ្ញុំម្នាក់​បាន​ធ្វើដំណើរមកលេងខ្ញុំហើយ​ខ្ញុំ​គ្មានអ្វីរៀបចំទទួលគាត់ទេ 7សម្លាញ់នោះក៏​តបពីខាងក្នុងមកវិញថាកុំរំខានខ្ញុំអីទ្វារ​ក៏​បាន​បិទរួចហើយកូនៗ​របស់​ខ្ញុំនៅលើគ្រែជាមួយខ្ញុំ​ដែរ​ខ្ញុំ​មិន​អាច​ក្រោកយក​អ្វី​ឲ្យ​អ្នកបានទេ 8ខ្ញុំប្រាប់អ្នករាល់គ្នាថាទោះបីជា​អ្នកនោះ​មិនក្រោកឡើងយក​អ្វី​ឲ្យ​គាត់ដោយព្រោះគាត់ជាសម្លាញ់នឹងគ្នាក៏ដោយក៏គង់តែអ្នកនោះក្រោកឡើងយក​ឲ្យ​គាត់តាមសេចក្ដីត្រូវការដោយព្រោះការទទូចសុំ​របស់​គាត់​ដែរ។ 9ដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាថា​ចូរ​សុំនោះអ្នករាល់គ្នា​នឹង​បាន​ទទួល​ចូរ​រកនោះ​អ្នករាល់គ្នា​នឹង​រកឃើញ​ចូរ​គោះនោះ​នឹង​បើក​ឲ្យ​អ្នករាល់គ្នា 10ដ្បិតអ្នកណាសុំ​នោះ​បាន​ទទួលអ្នកណារក​នោះ​បានឃើញហើយអ្នកណាគោះ​នោះ​នឹង​បើក​ឲ្យ 11តើមាន​ឪពុកណាក្នុងចំណោមអ្នករាល់គ្នាឲ្យពស់វែក​ដល់​កូន​ពេល​កូនសុំត្រី​ដែរឬទេ? 12ឲ្យខ្យាដំរី​ដល់​កូន​ពេល​កូន​សុំពងមាន់​ដែរ​ឬទេ? 13ដូច្នេះបើអ្នករាល់គ្នាជា​មនុស្ស​អាក្រក់ចេះ​ឲ្យ​អំណោយល្អៗដល់កូន​នោះ​ព្រះវរបិតា​របស់​អ្នករាល់គ្នា​ដែលនៅស្ថានសួគ៌នឹងប្រទាន​ព្រះ​វិញ្ញាណបរិសុទ្ធ​ដល់​អ្នកដែលសុំ​ពី​ព្រះអង្គលើសជាង​នេះ​ទៅទៀត

ព្រះយេស៊ូ និងអារក្ស​បេលសេ​ប៊ូល​

14ព្រះយេស៊ូ​កំពុងបណ្ដេញអារក្សដែលបាន​ធ្វើឲ្យ​មនុស្ស​ពេលវាចេញហើយមនុស្សគនោះ​ក៏​អាច​និយាយ​បាន​វិញ​ហើយបណ្ដាជននឹកអស្ចារ្យ 15ប៉ុន្ដែមាន​អ្នក​ខ្លះក្នុងចំណោមពួកគេនិយាយថា៖ ​«អ្នកនេះ​បណ្ដេញ​ពួក​អារក្សដោយសារមេអារក្សបេលសេប៊ូល​ទេតើ» 16អ្នកខ្លះទៀតល្បងល​ព្រះអង្គ​ដោយ​រកទីសំគាល់​នៃ​ស្ថានសួគ៌ពីព្រះអង្គ 17ប៉ុន្ដែកាល​ព្រះអង្គដឹង​ពី​គំនិត​របស់​ពួកគេ​ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេថា៖ ​«នគរណាបែកបាក់គ្នា​នោះ​វិនាសហើយគ្រួសារណាបែកបាក់គ្នា​នោះ​ដួលរលំហើយ 18បើអារក្ស​សាតាំងបែកបាក់គ្នាវា​តើ​នគរ​របស់​ពួកវា​នឹង​ស្ថិតស្ថេរយ៉ាងដូចម្ដេច​បាន? ​ដ្បិត​អ្នករាល់គ្នា​និយាយថាខ្ញុំបណ្ដេញ​ពួក​អារក្សដោយសារ​អារក្ស​បេលសេប៊ូល 19ហើយបើខ្ញុំបណ្ដេញ​ពួក​អារក្សដោយ​អារក្ស​បេលសេប៊ូល​មែន​តើ​កូនចៅ​របស់​អ្នករាល់គ្នាបណ្ដេញ​ពួកវា​ដោយសារអ្នកណា? ​ដូច្នេះពួកគេ​នឹង​ត្រលប់ជាចៅក្រមរបស់អ្នករាល់គ្នា 20ប៉ុន្ដែបើខ្ញុំបណ្ដេញ​ពួក​អារក្សដោយអំណាច​របស់​ព្រះជាម្ចាស់នោះនគរព្រះជាម្ចាស់​បាន​មកដល់អ្នករាល់គ្នាហើយ 21នៅពេលមនុស្ស​ខ្លាំង​ប្រដាប់អាវុធយាមផ្ទះ​របស់​គាត់​នោះ​ទ្រព្យសម្បត្ដិ​របស់​គាត់​មុខជា​គង់វង្ស 22ប៉ុន្ដែនៅពេល​មនុស្ស​ខ្លាំងជាងគាត់មកយកឈ្នះ​លើ​គាត់​អ្នកនោះ​នឹង​ដកយក​អាវុធជាទីទុកចិត្ដ​របស់​គាត់ចេញរួច​ក៏​យក​របស់​ដែលប្លន់បាន​ទៅ​ចែកគ្នា​ទៀតផង។ 23អ្នកដែលមិននៅខាងខ្ញុំអ្នកនោះប្រឆាំង​នឹង​ខ្ញុំអ្នកដែលមិនប្រមូលជាមួយខ្ញុំ​អ្នកនោះ​កំចាត់កំចាយហើយ 24ពេលវិញ្ញាណអាក្រក់ចេញពីមនុស្សម្នាក់​វា​ក៏​ទៅស្វែងរក​កន្លែង​សម្រាកនៅទីហួតហែងប៉ុន្ដែរកមិនបាន​នោះ​វា​និយាយ​ថា​អញ​នឹង​ត្រលប់ទៅផ្ទះ​របស់​អញដែល​អញ​បាន​ចេញមកនោះ​វិញ 25ហើយពេល​មកដល់​វា​ក៏​ឃើញថា​ផ្ទះនោះ​បោសស្អាត​ទាំង​មានរបៀប​ផង 26នោះវា​ក៏ទៅនាំវិញ្ញាណប្រាំពីរទៀត​ដែល​អាក្រក់ជាងវាចូលទៅនៅទីនោះដូច្នេះ​ស្ថានភាព​ក្រោយ​របស់​មនុស្សនេះនឹងអាក្រក់​ជាង​មុនទៅទៀត»។ 27នៅពេលព្រះអង្គ​កំពុង​មានបន្ទូល​ពី​សេចក្ដី​ទាំងនេះ​មាន​ស្ដ្រីម្នាក់​បន្លឺសំឡេង​ពីក្នុងចំណោមបណ្ដាជនទូល​ទៅ​ព្រះអង្គថា៖ ​«មានពរហើយម្ដាយណាដែល​បាន​បង្កើតអ្នកនិង​បាន​បំបៅអ្នក»។ 28ប៉ុន្ដែព្រះអង្គមានបន្ទូលថា៖ ​«គឺ​អស់​អ្នកដែលព្រះបន្ទូល​របស់​ព្រះជាម្ចាស់ហើយកាន់តាមទេតើ​ដែល​មានពរ»។

ទីសំគាល់​នៃ​លោកយ៉ូណាស​​

29កាល​បណ្ដាជន​កំពុង​ជួបជុំគ្នាច្រើនឡើងៗ​ព្រះអង្គ​ចាប់ផ្ដើមមានបន្ទូលថា៖ ​«ជំនាន់នេះជាជំនាន់អាក្រក់ណាស់​គេ​ស្វែងរក​តែ​ទីសំគាល់​ទេ​ប៉ុន្ដែគ្មានទីសំគាល់​ណា​ប្រទាន​ឲ្យ​មនុស្ស​ជំនាន់នេះ​ទេ​ក្រៅពីទីសំគាល់​លោក​យ៉ូណាស 30ដ្បិតលោក​យ៉ូណាស​បាន​ត្រលប់ជាទីសំគាល់មួយដល់អ្នកក្រុងនីនីវេជាយ៉ាងណាកូនមនុស្សក៏​នឹង​ត្រលប់ជា​ទីសំគាល់​មួយ​ដល់​ជំនាន់នេះជាយ៉ាងនោះដែរ 31នៅគ្រាជំនុំជម្រះម្ចាស់ក្សត្រី​ភាគ​ខាងត្បូង​នឹង​ក្រោកឡើងជាមួយ​នឹង​មនុស្សជំនាន់នេះរួចដាក់ទោស​ដល់​ជំនាន់នេះដ្បិត​ព្រះនាង​បាន​មកពីចុងបំផុត​នៃ​ផែនដីដើម្បីស្ដាប់ប្រាជ្ញា​របស់​ស្ដេច​សាឡូម៉ូន​តែ​ម្នាក់​ដែល​វិសេសជាង​ស្ដេច​សាឡូម៉ូននៅទីនេះ​ស្រាប់​ហើយ។ 32នៅគ្រា​ជំនុំជម្រះអ្នក​ក្រុង​នីនីវេ​នឹង​ក្រោកឡើងជាមួយមនុស្សជំនាន់នេះរួចដាក់ទោស​ដល់​ជំនាន់នេះព្រោះ​គេ​បាន​ប្រែចិត្ដពេល​ឮ​សេចក្ដីប្រកាស​របស់​លោក​យ៉ូណាសប៉ុន្ដែ​ម្នាក់​ដែល​វិសេសជាង​លោក​យ៉ូណាសនៅទីនេះ​ស្រាប់​ហើយ។

ការ​ទទួល​យក​ពន្លឺ​

33គ្មាន​អ្នកណាអុជចង្កៀងដាក់នៅទីកំបាំងនៅក្រោមថាំងទេគឺ​ដាក់​នៅលើជើងចង្កៀងវិញដើម្បីឲ្យ​អស់​អ្នកដែលចូលមក​អាច​មើលឃើញពន្លឺនោះ 34ភ្នែកជាចង្កៀង​នៃ​រូបកាយ​ដូច្នេះ​បើ​ភ្នែក​របស់​អ្នកភ្លឺល្អនោះរូបកាយ​របស់​អ្នកទាំងមូល​នឹង​ភ្លឺប៉ុន្ដែពេលភ្នែក​របស់​អ្នកមិនល្អនោះរូបកាយ​របស់​អ្នក​នឹង​ត្រលប់​ជា​ងងឹតសូន្យសុង 35ដូច្នេះចូរ​ពិចារណាចុះ​ដើម្បី​កុំ​ឲ្យ​ពន្លឺនៅក្នុងអ្នក​ប្រែ​ជាសេចក្ដីងងឹត 36ហើយបើរូបកាយទាំងមូល​របស់​អ្នកភ្លឺឥតមានងងឹតត្រង់ណាសោះ​នោះ​រូបកាយ​ទាំងមូល​ក៏​ភ្លឺដូចជានៅពេលដែលពន្លឺចង្កៀងបំភ្លឺអ្នកដែរ»។

ព្រះយេស៊ូរិះគន់​ពួក​មេ​ដឹកនាំ​សាសនា​

37ពេល​ព្រះអង្គ​កំពុង​មានបន្ទូល​មាន​អ្នកខាង​គណៈ​ផារិស៊ី​ម្នាក់​បាន​ទូល​សូម​ឲ្យ​ព្រះអង្គបរិភោគអាហារជាមួយគាត់​ព្រះអង្គ​ក៏ចូលទៅអង្គុយ​នៅ​តុអាហារ 38ពេលអ្នកខាងគណៈផារិស៊ីនោះឃើញដូច្នេះ​គាត់​ក៏ងឿងឆ្ងល់​ដែល​ព្រះអង្គ​មិន​បាន​ធ្វើ​ពិធី​លាងសំអាតនៅមុន​ពេល​បរិភោគ​អាហារ 39ប៉ុន្ដែព្រះអម្ចាស់មានបន្ទូលទៅគាត់ថា៖ ​«អ្នករាល់គ្នាជាអ្នកខាងគណៈផារិស៊ីសំអាតពែងនិងចាន​តែ​ខាងក្រៅប៉ុន្ដែខាងក្នុងអ្នករាល់គ្នា​វិញ​ពេញ​ដោយ​សេចក្ដី​លោភលន់និង​សេចក្ដី​អាក្រក់ 40ពួកមនុស្ស​ល្ងង់អើយ! ​ព្រះដែល​បាន​បង្កើតខាងក្រៅ​តើ​ព្រះអង្គ​មិនបង្កើតខាងក្នុងដែរទេ? 41ដូច្នេះចូរ​យក​របស់នៅខាងក្នុង​មក​ចែកទាននោះរបស់ទាំងអស់​នឹង​ស្អាត​សម្រាប់​អ្នករាល់គ្នា 42វេទនាដល់​អ្នករាល់គ្នាហើយ​ពួក​អ្នកខាងគណៈផារិស៊ីដ្បិត​អ្នករាល់គ្នា​ថ្វាយ​តង្វាយ​មួយ​ភាគ​ដប់ជាជីរអង្កាមរមៀតនិងបន្លែគ្រប់មុខប៉ុន្ដែ​អ្នករាល់គ្នា​ល្មើស​លើ​សេចក្ដីយុត្ដិធម៌និង​សេចក្ដី​ស្រលាញ់​របស់​ព្រះជាម្ចាស់។ ​អ្នករាល់គ្នា​ត្រូវ​ប្រព្រឹត្ដ​តាម​សេចក្ដី​ទាំងនេះ​សេចក្ដីទាំងនេះ​ចាំបាច់​ត្រូវតែ​ធ្វើ​ហើយ​ក៏​មិន​ត្រូវ​ល្មើសនឹង​សេចក្ដី​ទាំងនេះ​ដែរ។ 43វេទនាដល់​អ្នករាល់គ្នាហើយ​ពួក​អ្នកខាងគណៈផារិស៊ី​អើយ​ដ្បិត​អ្នករាល់គ្នា​ចូលចិត្តអង្គុយមុខគេក្នុងសាលាប្រជុំហើយ​ចូលចិត្ត​ឲ្យ​គេ​គោរព​នៅតាមទីប្រជុំជន 44វេទនាដល់​អ្នករាល់គ្នាហើយដ្បិតអ្នករាល់គ្នាប្រៀបដូចជាផ្នូរដែល​គេ​មើលមិនដឹងហើយមនុស្សក៏ដើរជាន់លើដោយមិនដឹងខ្លួន» 45មានម្នាក់ក្នុងចំណោម​ពួក​អ្នកជំនាញច្បាប់​បាន​ទូលតប​ទៅ​ព្រះអង្គថា៖ ​«លោកគ្រូ​លោក​និយាយសេចក្ដីទាំងនេះ​គឺ​លោក​ត្មះតិះដៀលយើងដែរ» 46ប៉ុន្ដែព្រះអង្គ​មានបន្ទូលថា៖ ​«វេទនា​ដល់​អ្នករាល់គ្នាដែរ​ពួក​អ្នកជំនាញច្បាប់ដ្បិត​អ្នករាល់គ្នា​ដាក់បន្ទុកធ្ងន់​ដែល​ពិបាកធ្វើតាម​លើ​មនុស្សប៉ុន្ដែអ្នករាល់គ្នា​វិញ​មិន​បាន​យក​ម្រាមដៃណាមួយ​មក​ប៉ះបន្ទុកទាំងនេះសោះឡើយ 47វេទនាដល់​អ្នករាល់គ្នាហើយដ្បិត​អ្នករាល់គ្នា​សង់ស្ដូបរបស់ពួកអ្នកនាំព្រះបន្ទូល​ដែល​ដូនតា​របស់​អ្នករាល់គ្នា​បាន​សម្លាប់ 48ដូច្នេះអ្នករាល់គ្នាជាសាក្សីហើយ​អ្នករាល់គ្នា​ក៏យល់ស្របនឹងអំពើ​របស់​ដូនតាអ្នករាល់គ្នា​ដែរ​គឺ​ដូនតា​របស់​អ្នករាល់គ្នា​បាន​សម្លាប់ពួកគេអ្នករាល់គ្នាវិញសង់​ស្ដូប​ឲ្យ​ពួកគេ។ 49ដូច្នេះហើយព្រះជាម្ចាស់​ក៏​បាន​មានបន្ទូល​ដោយ​ព្រះប្រាជ្ញាញាណថា​យើង​នឹង​ចាត់​ពួក​អ្នកនាំព្រះបន្ទូលនិង​ពួក​សាវក​ឲ្យទៅ​ពួកគេប៉ុន្ដែ​ពួកគេ​នឹង​សម្លាប់ហើយបៀតបៀន​អ្នកខ្លះ​ក្នុងចំណោមអ្នកទាំងនោះ 50ដើម្បីឲ្យ​ឈាម​ពួក​អ្នកនាំព្រះបន្ទូលទាំងអស់ដែល​ត្រូវ​បាន​កម្ចាយតាំងពីដើមកំណើតពិភពលោកមក​ត្រូវ​ទារពីជំនាន់នេះ​វិញ 51គឺចាប់ពីឈាម​របស់​លោក​អេបិលរហូតដល់ឈាម​របស់​លោក​សាការីដែល​ត្រូវ​បាន​សម្លាប់នៅចន្លោះកន្លែងថ្វាយតង្វាយនិងដំណាក់​របស់​ព្រះជាម្ចាស់។ ​មែនហើយខ្ញុំ​ប្រាប់​អ្នករាល់គ្នាថា​ឈាម​ទាំងនោះ​នឹង​ត្រូវ​ទារពីជំនាន់នេះវិញ 52វេទនាដល់​អ្នករាល់គ្នាហើយ​ពួក​អ្នកជំនាញច្បាប់ដ្បិត​អ្នករាល់គ្នា​បាន​ដកយកកូនសោរ​នៃ​ចំណេះដឹង​រួច​អ្នករាល់គ្នាមិនចូលទេថែម​ទាំង​រារាំង​អ្នក​ដែល​កំពុង​ចូល​ទៀត​ផង»។ 53ពេលព្រះអង្គយាងចេញពីទីនោះ​ពួក​គ្រូវិន័យនិង​ពួក​អ្នកខាងគណៈផារិស៊ី​បាន​ចាប់ផ្ដើមជំទាស់​នឹង​ព្រះអង្គ​យ៉ាងខ្លាំងទាំងសួរដេញដោលព្រះអង្គអំពី​ការ​ជាច្រើន 54ហើយលបចាប់កំហុស​នូវ​អ្វីដែលព្រះអង្គមានបន្ទូល
Copyright information for KhmKCB